សញ្ញា​ដំបូង​ទាំង ១០ ​បញ្ជាក់​ថាអ្នក​ប្រាកដ​ជាមាន​ផ្ទៃពោះ!
  • អ្នក​ម្តាយ​គ្រប់​រូប​និយាយថា ​ការ​មាន​ផ្ទៃពោះ​ជាកំឡុង​ពេល​ដ៏ស្រស់​បំព្រង​បំផុត​នៅក្នុង​ជីវិត​មនុស្ស​ ស្រី។ សញ្ញា​ទូទៅ​បំផុត​នៃការ​ចាប់ផ្តើម​មាន​ផ្ទៃពោះគឺ ​ការបាត់​រដូវ...
2 years ago. 2779
អ្នក​ម្តាយ​គ្រប់​រូប​និយាយថា ​ការ​មាន​ផ្ទៃពោះ​ជាកំឡុង​ពេល​ដ៏ស្រស់​បំព្រង​បំផុត​នៅក្នុង​ជីវិត​មនុស្ស​ ស្រី។ សញ្ញា​ទូទៅ​បំផុត​នៃការ​ចាប់ផ្តើម​មាន​ផ្ទៃពោះគឺ ​ការបាត់​រដូវ។ ​ប៉ុន្តែនេះ​មិនមែន​ផ្តល់តែ​សញ្ញា​មួយនេះ​ទេ។ ​នៅមាន​សញ្ញា​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដូច​ខាង​ក្រោម៖

 


១. សុដន់ទន់ជ្រាយ
សុដន់ប៉ោងធំឡើង ធ្ងន់ជាងធម្មតា និងទន់ជ្រាយជារោគសញ្ញាដំបូង ​នៅពេល​អ្នក​មានកូន។ ​ដោយសារ​តែបំរែ​បំរួល​អរម៉ូន​ក្នុងរាង​កាយ ​ទើបធ្វើ​ឲ្យសុដន់​ប្រែជា​ប៉ោងឡើង ​ហើយងាយ​នឹង​ប្រតិកម្ម។

សុដន់ទន់ជ្រាយអាចជាបទពិសោធន៍ក្នុងសប្តាហ៍ដំបូងបន្ទាប់ពីមានគភ៌។ ​អាការៈ​មិនស្រួល​នឹងអន់​ថយចុះ​បន្ទាប់ពី​ត្រីមាស​ទី ១។ ​វិធីល្អ​បំផុត​ដើម្បី​បំបាត់​ការឈឺ​ចាប់គឺ ​ត្រូវពាក់​អាវ​ទ្រនាប់​រឹង​ជំនួយ។

នៅក្នុងករណីខ្លះ ក្បាលសុដន់អាចលៀនចេញខ្លាំងជាងពេលធម្មតា។​ ហើយ​រង្វង់​ជុំវិញ​សុដន់​នឹងប្រែ​ជាពណ៌​ខ្មៅ ​និងមាន​ស្នាមអុច​តូចៗ។

២. វិលមុខ
នេះជាអាការៈកើតឡើងក្នុងកំឡុងពេលអ្នកមករដូវ។ វាត្រូវបានគេបង្ហាញថា ​ជាអាការៈ​វិលមុខ​តិចតួច។

អរម៉ូនឈ្មោះប្រូហ្គេស្តេរ៉ូន ធ្វើឲ្យបំពង់សរសៃឈាមរីកធំ ជួយបន្ថយសម្ពាធឈាម ​កាត់​បន្ថយ​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល ​ដែល​បណ្តាល​ឲ្យកើត​មាន​អាការៈ​វិលមុខ។

ការស្រាវជ្រាវក្នុងឆ្នាំ ២០១០ បានចេញផ្សាយនៅក្នុងទស្សនាវដ្តីខាងផ្នែករោគច្រមុះ ​ត្រចៀក ​និងបំពង់ក​បានឲ្យ​ដឹងថា ​អសមត្ថភាព​អរម៉ូន​របស់ស្ត្រី​ក្នុងពេល​មានផ្ទៃពោះ​អាច​បណ្តាល​ឲ្យខ្យល់​ ចូលក្នុង​រន្ធ​ត្រចៀក ​នាំឲ្យ​វិលមុខ ​និងហ៊ឹង​ត្រចៀក។

រោគសញ្ញានេះជាអាការៈទូទៅក្នុងត្រីមាសទី ១ ប៉ុន្តែក៏អាចកើតឡើងពេញទាំង ៣ត្រី​មាស​តែម្តង​ក៏មាន។ ​ស្ត្រីឈាម​តិចងាយ​នឹងទទួល​រងអាការៈ​វិលមុខ​ជាង​ស្ត្រីដទៃ។

នៅពេលអ្នកមានអារម្មណ៍វិលមុខ ចៀសវាងការក្រោកពីអង្គុយលឿន ​ឬគេង​ចុះលឿន។​ ដកដង្ហើម​ឲ្យវែងៗ​អាចជួយ​កាត់​បន្ថយ​បញ្ហានេះ​បាន។

៣. អស់កម្លាំង និងហត់នឿយ
បំរែបំរួលជាច្រើនចាប់ផ្តើមកើតឡើង នៅពេលអ្នកមានកូន។ កំណើនឡើងនៃអរម៉ូន​ប្រូហ្គេ​ស្តេរ៉ូន​ធ្វើឲ្យ​អ្នកងាយ​នឹងហត់​នឿយ​ ធ្វើឲ្យ​អ្នក​ឧស្សាហ៍​អស់កម្លាំង​ញឹកញាប់។

សម្ពាធឈាម និងកម្រិតគ្លុយកូសទាបក្នុងកំឡុងពេលមានផ្ទៃពោះអាចធ្វើឲ្យអ្នក​នឿយហត់។ ​ស្របពេល​ជាមួយ​គ្នានេះ​ដែរ ​រាងកាយ​កំពុង​ផលិតសុក​ ជាជីវិត​ដ៏សំខាន់​ជំនួយ​ដល់​អំប៊្រីយ៉ុង។ ​ដំណើរការ​នេះបាន​ស្រូបយក​កម្លាំង​ថាម​ពល​របស់អ្នក ​ធ្វើឲ្យអ្នក​មាន​អារម្មណ៍​នឿយហត់។ ​ភាពហត់​នឿយជា​រឿងមួយ​ធម្មតា​ក្នុងត្រីមាស​ទី ១ ​និងត្រីមាស​ទី ៣។

សង្ឃឹមថា នៅពេលអ្នកមានអារម្មណ៍នឿយហត់ អ្នកត្រូវសម្រាកឲ្យបានច្រើន ​ហើយ​ទៅធ្វើ​តេស្តពិនិត្យ​មើល​ផ្ទៃពោះ​ផងដែរ។

សង្ឃឹមថា វានឹងត្រលប់មករកភាពវិជ្ជមានវិញ សម្រាកឲ្យបានច្រើន និងទទួលទានអាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន ​និងជាតិ​ដែក។

៤. ឆាប់ប្រតិកម្មនឹងក្លិន
ក្នុងកំឡុងពេលមានផ្ទៃពោះ ស្ត្រីងាយនឹងចាញ់ក្លិន។ បំរែបំរួលអរម៉ូនអឺសស្ត្រូសែនបានប៉ះពា​ល់​ដល់​ប្រព័ន្​ធហិតក្លិន ​បណ្តាល​ឲ្យស្ត្រី​ងាយនឹង​ចាញ់ក្លិន​ដែលនៅ​ក្បែរខ្លួន។

៥. ក្អួតចង្អោរ
រោគសញ្ញាមួយផ្សេងទៀតនៃការមានផ្ទៃពោះដំបូងគឺ មិនស្រួលខ្លួននៅពេលព្រឹក។ ​យោងតាម​មន្ទីរ​ពេទ្យ​សម្ភព​ផ្នែករោគ​ស្ត្រី​របស់​អាមេរិច​បាន​ឲ្យដឹងថា ​អាការៈ​ក្អួតចង្អោរ ​និងចង់​ក្អួតកើត​មាន​ចំពោះស្ត្រី​មានផ្ទៃ​ពោះពី ​៧០-៨៥%។ ​អាការៈ​ចង់ក្អួត ​និងក្អួតចង្អោរ​នេះអាច​កើតឡើង​គ្រប់ពេល​ទាំងពេលភ្លឺ ​និងពេល​យប់។

៦. បំរែបំរួលអារម្មណ៍
អារម្មណ៍ទន់ជ្រាយ ហើយងាយនឹងក្រៀមក្រំ ចង់យំក៏ជាអាការៈមួយពេលមានផ្ទៃពោះ​ផងដែរ។ ​នេះក៏ជារោគ​សញ្ញាទី ១​នៃការ​ចាប់ផ្តើម​មាន​ផ្ទៃពោះ។ ​បំរែបំរួល​អរម៉ូន​បានប៉ះពាល់​ដល់រំញោច​សរសៃ​ប្រសាទ។ ​សាកល្បង​តាំងអារម្មណ៍​ ​និងរក្សា​អារម្មណ៍​រីករាយ​ដើម្បី​ទប់ទល់​នឹងអារម្មណ៍​របស់អ្នក។

៧. ចុកពោះ
ស្ត្រីមួយចំនួនក៏អាចប្រឈមមុខនឹងការឈឺចាប់ក្នុងពោះ ដែលកើតឡើងរយៈ​ពេល ​២-៣ថ្ងៃ​ មុនពេល​មករដូវ។

អាការៈនេះកើតឡើងនៅពេលស៊ុតបង្កកំណើតភ្ជាប់ទៅនឹងស្បូន។ ​វាបណ្តាល​ឲ្យកន្ត្រាក់​ស្បូន ​ដែលមាន​អារម្មណ៍​ដូចជា ​ចុកពោះ​នេះឯង។ ​ប្រភេទ​នៃការចុកពោះ​បែបនេះ​តែងតែ​ជាអាការៈ​មុនមករដូវ ​និងពេល​មករដូវ។

ការធ្វើតេស្តពិនិត្យមើលផ្ទៃពោះ ឬឆ្លុះអេកូអាចជួយឲ្យមើលដឹងពីការមាន​ផ្ទៃពោះ​បាន ​សូម្បី​តែក្នុង​ដំណាក់​កាលចាប់​ផ្តើមមាន​ផ្ទៃពោះ។

៨. ហើមពោះ
អាការៈហើមពោះក៏អាចជាសញ្ញាដំបូងនៃការមានផ្ទៃពោះផងដែរ។ ​អាការៈ​ហើមពោះ​ក៏បណ្តាល​មកពី​បំរែបំរួល​អរម៉ូន​ក្នុងរាង​កាយពេល​ មានផ្ទៃពោះ។ ​បញ្ហា​ទាក់ទង​នឹងការ​រំលាយ​អាហារ​ជារឿង​មួយ​ទូទៅ​ពេលមាន​ផ្ទៃពោះ, ​អ្នកគួរ​ទទួលទាន​អាហារ​សម្បូរជាតិ​សរសៃឲ្យ​បានច្រើន​ ទទួលទាន​ទឹកឲ្យ​បានច្រើន​ និងធ្វើ​លំហាត់​ប្រាណឲ្យ​បានទៀងទាត់ ​អាចជួយ​កាត់បន្ថយ​អាការៈ​មិនស្រួលខ្លួន។

៩. នោមញឹក
កំណើនកម្រិតឈាមក្នុងពេលមានផ្ទៃពោះត្រូវបានច្រោះដោយតម្រងនោម ​ធ្វើឲ្យ​ប្លោក​នោម​ឆាប់​ពេញលឿន ​ហើយ​លទ្ធផល​ធ្វើឲ្យ​នោមច្រើន។ ​ដូចគ្នា​នេះដែរ ​អ្នកក៏​ស្រេក​ទឹកច្រើន​ជាង​ពេល​ធម្មតា។ ​នេះជា​សញ្ញា​នៃដំណាក់​កាលមាន​ផ្ទៃពោះ។ ​ភ្នាស​ស្បូនត្រូវ​រីកធំ ​ដើម្បីឲ្យ​ទារក​លូតលាស់​ធំឡើង​ វាបាន​កាត់​បន្ថយ​ទំហំ​កន្លែង​របស់​ប្លោកនោម។

១០. បាត់រដូវ
ស្ត្រីដែលមករដូវទៀងទាត់ មិនបានប្រើថ្នាំពន្យាកំណើត ការរដូវយឺតអាចជាសញ្ញា​នៃការ​មាន​ផ្ទៃពោះ។ ​ក្នុងករណីខ្លះ ​មានឈាម​តិចក្នុង​ពេល​មករដូវ។ ​នេះកើត​ឡើងនៅ​ពេល​ស៊ុតបង្ក​កំណើត​ផ្សាំខ្លួនវា​ក្នុងភ្នាស​ស្បូន​របស់អ្នក។ ​ជាធម្មតា ​អាការៈ​ហូរឈាម ​ឬដុំឈាម​មិនផ្តល់​ផលប៉ះ​ពាល់​អ្វីទេ។

រោគសញ្ញាផ្សេងទៀត៖
ការបញ្ចេញទឹកស្អិតៗ ពណ៌លឿងស្លេក ឬពណ៌សក្នុងត្រីមាសដំបូង។
ឡើងសីតុណ្ហភាពក្នុងរាងកាយរយៈពេល ៣-៤សប្តាហ៍ក្រោយពេលមានកូន។
អាការៈឈឺក្បាលបណ្តាលមកពីបំរែបំរួលអរម៉ូន ហើយកម្រិតឈាមហូរទៅកាន់​ខួរក្បាល​មាន​តិច។
ឈឺខ្នងក្នុងដំណាក់កាលដំបូង បណ្តាលមកពីគេងបានតិច
បំរែបំរួលការស្រេកឃ្លានអាហារបណ្តាលមកពីចង់ក្អួត និងក្អួតចង្អោរ៕